Make It Easy Do It Simple!
ប្រសិនបើអ្នកធ្លាប់ឆែកមើល Task Manager នៅពេលបើក Discord អ្នកច្បាស់ជាដឹងពីការឈឺចាប់នេះ។ RAM ជាច្រើន Gigabytes ត្រូវបានបាត់បង់ដែលធ្វើឱ្យកុំព្យូទ័ររបស់អ្នកដើរយឺត ខណៈពេលដែលអ្នកគ្រាន់តែចង់ជជែកលេងជាមួយមិត្តភក្តិ។ នេះគឺជាបញ្ហាដែលកើតចេញពី Electron framework ដែលធ្វើឱ្យការប្រើប្រាស់ RAM កើនឡើងខ្ពស់បំផុត។
ពេលនេះ Discord សម្រេចចិត្តដោះស្រាយបញ្ហានេះហើយ។
CTO របស់ក្រុមហ៊ុន គឺលោក Stanislav Vishnevskiy បានបញ្ជាក់ថា Discord កំពុងកសាង Desktop Client របស់ខ្លួនឡើងវិញតាំងពីចំណុចសូន្យ ដោយប្រើប្រាស់ភាសាកូដ Rust។ Rust មិនមែនត្រឹមតែជាឈ្មោះដ៏ទាក់ទាញនោះទេ ប៉ុន្តែវាគឺជាភាសាកូដដែលមានប្រសិទ្ធភាពខ្ពស់ និងមានសុវត្ថិភាពក្នុងការគ្រប់គ្រង memory ដែលជួយឱ្យ App ដើរលឿនជាងមុន ដោយមិនចាំបាច់ពឹងផ្អែកលើ web-based frameworks ទៀតទេ។
លទ្ធផលដែលទទួលបានគឺពិតជាគួរឱ្យភ្ញាក់ផ្អើល។ កំណែសាកល្បងដំបូងដែលមានឈ្មោះថា “Discord Phoenix” ប្រើប្រាស់ RAM ត្រឹមតែប្រហែល 290MB ប៉ុណ្ណោះ។ ប្រសិនបើប្រៀបធៀបជាមួយកំណែ Electron បច្ចុប្បន្នដែលស៊ី RAM រហូតដល់គិតជា Gigabytes នោះយើងនឹងឃើញពីភាពខុសគ្នាដាច់តែម្តង។
ការផ្លាស់ប្តូរនេះមិនមែនកើតឡើងភ្លាមៗនោះទេ ព្រោះ Discord បានចាប់ផ្តើមប្រើប្រាស់ Rust ក្នុងប្រព័ន្ធរបស់ខ្លួនតាំងពីឆ្នាំ ២០១៨ មកម្ល៉េះ ប៉ុន្តែការប្តូរ App ទាំងមូលត្រូវការពេលច្រើន។ ការបោះបង់ Electron និង React Native (លើទូរស័ព្ទ) នឹងធ្វើឱ្យ Discord ក្លាយជា App ដែលមានភាពរហ័ស ស្រាល និងមិនធ្វើឱ្យធ្ងន់ម៉ាស៊ីន។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ App លើទូរស័ព្ទនឹងនៅតែរក្សា UI ដើម ប៉ុន្តែនឹងប្រើប្រាស់កូដ Rust ដូចគ្នា ដែលធ្វើឱ្យការប្រើប្រាស់លើគ្រប់ Platform ទាំងអស់មានភាពស៊ីសង្វាក់គ្នា។
នៅក្នុងពេលដែលតម្លៃ RAM កំពុងឡើងថ្លៃ និងការផ្គត់ផ្គង់មានកម្រិត ការបង្កើត App ដែលសន្សំសំចៃ RAM គឺជាជម្រើសដ៏ត្រឹមត្រូវបំផុត។ ទោះបីជាមិនទាន់មានកាលបរិច្ឆេទចេញជាផ្លូវការក៏ដោយ ប៉ុន្តែកំណែ Beta នឹងត្រូវដាក់ឱ្យប្រើប្រាស់ក្នុងពេលឆាប់ៗនេះ។
ពេលនេះ RAM របស់អ្នកអាចសម្រាកបានហើយ!