Make It Easy Do It Simple!
ថ្មីៗនេះ Telegram បានដាក់ចេញនូវប្រព័ន្ធសុវត្ថិភាពថ្មីសម្រាប់កម្មវិធី Android របស់ខ្លួន ដើម្បីទប់ស្កាត់ការដំណើរការកូដមេរោគតាមរយៈ “widgets” (ប្លុកអន្តរកម្មតូចៗដែល Bot ផ្ញើក្នុងឆាត)។ ប៉ុន្តែក្នុងពិភពសន្តិសុខសាយប័រ ការបន្ថែមសោថ្មី តែងតែទាក់ទាញអ្នកលួចដែលជំនាញជាងមុន។
ក្រុមហ៊ុនសន្តិសុខ NebuSec បានអះអាងថា ពួកគេបានរកឃើញវិធីពីរយ៉ាងក្នុងការបំបែករបាំងការពារនេះ ដែលបង្ហាញថា សូម្បីតែប្រព័ន្ធ Sandbox ដែលត្រូវបានរៀបចំយ៉ាងម៉ត់ចត់ ក៏នៅតែមានចន្លោះប្រហោង។
ដើម្បីការពារ widgets, Telegram បានផ្លាស់ប្តូរម៉ាស៊ីន QuickJS (ដែលដំណើរការ JavaScript របស់ widget) ទៅក្នុងដំណើរការដាច់ដោយឡែកមួយ។ ពួកគេបានបន្ថែម filter seccomp ដើម្បីរារាំងការហៅប្រព័ន្ធ (system calls) ដែលមានគ្រោះថ្នាក់ ដែលមានបំណងបង្ខាំងកូដមេរោគឱ្យនៅក្នុងតំបន់សុវត្ថិភាពមួយ។
តាមទ្រឹស្តី វាក៏គួរតែអាចបញ្ឈប់ការវាយប្រហារប្រភេទ Remote Code Execution (RCE) បាន ប៉ុន្តែក្នុងការអនុវត្តជាក់ស្តែង វាមិនទាន់គ្រប់គ្រាន់ទេ។
NebuSec បានរកឃើញផ្លូវពីរផ្សេងគ្នាដើម្បីចាកចេញពី Sandbox៖
១. ចន្លោះដែលមិនត្រូវបានត្រួតពិនិត្យ៖ វិធីសាស្ត្រមួយប្រើប្រាស់ bug របស់ widget ដែល filter seccomp មិនបានគ្របដណ្តប់។
២. ការភ្ជាប់ជាមួយ Kernel៖ វិធីសាស្ត្រទីពីរមានភាពស្មុគស្មាញជាង ដោយវាភ្ជាប់ bug របស់ widget ជាមួយចន្លោះប្រហោងនៅក្នុង Android kernel ផ្ទាល់តែម្តង។
ក្នុងការបង្ហាញភស្តុតាង ក្រុមអ្នកស្រាវជ្រាវបានបំបែក filter នេះ ហើយអាចបើកកម្មវិធីគិតលេខ (calculator) នៅលើទូរស័ព្ទបាន។ ទោះបីជាការបើកកម្មវិធីគិតលេខមើលទៅដូចជាគ្មានគ្រោះថ្នាក់ ប៉ុន្តែវាបង្ហាញថា កូដអាចត្រូវបានដំណើរការនៅក្រៅតំបន់ដែលត្រូវបានកំណត់។
ខណៈពេលដែលអ្នកស្រាវជ្រាវសាកល្បងបើកកម្មវិធីគិតលេខ ពួក Hacker វិញកំពុងតែតាមប្រមាញ់ទិន្នន័យ។ ក្រុមហ៊ុន Kaspersky បានរកឃើញសកម្មភាពដែលអ្នកប្រើប្រាស់ពេលចូលទៅកាន់ Channel មួយចំនួនរបស់ Telegram ត្រូវបានវាយប្រហារដោយ script PowerShell។ Script ទាំងនេះបានទាញយក “WebRAT” (ឬ Salat Stealer) ដែលជាមេរោគសម្រាប់លួចទិន្នន័យពីកាបូបលុយ Crypto និងគណនី Telegram។
អ្វីដែលគួរឱ្យបារម្ភបំផុតនោះគឺ ដោយសារតែដំណើរការតែមួយអាចគ្រប់គ្រង widget ច្រើន ដូច្នេះ widget ដែលត្រូវបានគ្រប់គ្រងដោយ Bot មួយ អាចនឹងចែករំលែកអង្គចងចាំ (memory) ជាមួយ widget របស់ Bot ផ្សេងទៀត ដែលធ្វើឱ្យការវាយប្រហារកាន់តែងាយស្រួល។
លោក Pavel Durov នាយកប្រតិបត្តិរបស់ Telegram បានបញ្ជាក់ថា អ្នកប្រើប្រាស់មិនត្រូវបានគេ Hack គ្រាន់តែតាមរយៈការទទួលសារនោះទេ ពោលគឺអ្នកត្រូវតែមានអន្តរកម្មជាមួយសេវាកម្មខាងក្រៅជាមុនសិន។ ទោះជាយ៉ាងណា ហានិភ័យនៅតែមានសម្រាប់អ្នកដែលប្រើប្រាស់ Bot ដែលមិនមានប្រភពច្បាស់លាស់។
ដំណោះស្រាយបន្ទាន់៖ ចៀសវាងការប្រើប្រាស់ ឬដំណើរការ widgets ពី Bot ដែលមិនទុកចិត្ត ឬ Channel ដែលមិនស្គាល់ រហូតដល់មានការចេញ Patch កែសម្រួលជាផ្លូវការ។ ប្រសិនបើអ្នកមិនបានស្នើសុំប្លុកអន្តរកម្មនោះទេ សូមកុំប៉ះវាឱ្យសោះ។