Make It Easy Do It Simple!
ចន្លោះប្រហោងសន្តិសុខដ៏ធំមួយត្រូវបានរកឃើញនៅក្នុង NGINX ដែលបានលាក់កំបាំងអស់រយៈពេល ១០ ឆ្នាំមកហើយ។ CVE-2026-123007 ឬត្រូវបានគេហៅថា “nginx2root” អនុញ្ញាតឱ្យអ្នកវាយប្រហារដែលមិនមានការអនុញ្ញាត អាចដំណើរការកូដ (Execute Code) នៅលើម៉ាស៊ីនមេដែលបើកដំណើរការ HTTP/2។ ចន្លោះប្រហោងនេះមានតាំងពីកំណែ (version) 1.9.5 ដែលបានចេញតាំងពីខែកញ្ញា ឆ្នាំ ២០១៥ មកម្ល៉េះ។
ប្រសិនបើអ្នកវាយប្រហារអាចចូលទៅកាន់ HTTP/2 port របស់អ្នកបាន ពួកគេអាចដំណើរការកូដដែលមានសិទ្ធិជា NGINX worker process។ អ្វីដែលកាន់តែគួរឱ្យបារម្ភនោះគឺ អ្នកស្រាវជ្រាវបានបង្ហាញថា ប្រសិនបើប្រើចន្លោះប្រហោងនេះ រួមជាមួយ bug មួយទៀតនៅក្នុង Linux kernel’s SCTP នោះអ្នកវាយប្រហារអាចទទួលបានសិទ្ធិជា root (សិទ្ធិខ្ពស់បំផុត) លើម៉ាស៊ីនមេ ទោះបីជា NGINX ដំណើរការនៅក្នុង Docker container ក៏ដោយ។
ការអាប់ដេតចុងក្រោយនេះ មិនមែនជួសជុលតែ “nginx2root” មួយនោះទេ។ ក្រុមហ៊ុន F5 បានជួសជុលចន្លោះប្រហោងចំនួន ៤ ផ្សេងទៀត ដែលអាចនាំឱ្យមានការដំណើរការកូដដោយគ្មានការអនុញ្ញាតផងដែរ។ រួមមានបញ្ហានៅលើ HTTP/3, mail proxies និងការកំណត់ proxy មួយចំនួន។ ចន្លោះប្រហោងទាំង ៥ នេះទទួលបានពិន្ទុ CVSS 4.0 រហូតដល់ 9.2 ដែលជាកម្រិតគ្រោះថ្នាក់ខ្លាំង។
ដំណោះស្រាយតែមួយគត់គឺការធ្វើបច្ចុប្បន្នភាព (Upgrade)។ កំណែដែលបានជួសជុលរួចគឺ 1.31.9 (mainline) និង 1.30.7 (stable) ដែលមានឱ្យប្រើប្រាស់ហើយ។
ចំណុចសំខាន់៖ ការធ្វើ “reload” ធម្មតាមិនគ្រប់គ្រាន់ទេ។ អ្នកត្រូវតែ Restart NGINX ឱ្យបានពេញលេញ ឬប្រើ live binary upgrade ដើម្បីធានាថា កូដចាស់ដែលងាយរងគ្រោះត្រូវបានលុបចេញពី memory ទាំងស្រុង។
ប្រសិនបើអ្នកមិនទាន់អាចអាប់ដេតបានភ្លាមៗទេ វិធីបណ្តោះអាសន្នដ៏លឿនបំផុតគឺ បិទ (disable) HTTP/2 និង HTTP/3 នៅក្នុង server blocks របស់អ្នក។
១. ពិនិត្យមើល version របស់ NGINX (nginx -v)។
២. អាប់ដេតទៅកាន់ version 1.31.9 ឬ 1.30.7។
៣. Restart សេវាកម្ម NGINX ឱ្យបានពេញលេញ។
៤. ពិនិត្យមើលឡើងវិញថា តើម៉ាស៊ីនមេរបស់អ្នកនៅតែទទួលយក HTTP/2 ឬយ៉ាងណា (ប្រសិនបើអ្នកសម្រេចចិត្តបើកវាឡើងវិញ)។