Make It Easy Do It Simple!
ការគាំងភ្លាមៗនៃកញ្ចប់សេវាកម្មផលិតភាពរបស់ Microsoft បានធ្វើឱ្យអ្នកប្រើប្រាស់រាប់លាននាក់ជួបការលំបាកកាលពីសប្តាហ៍មុន។ ខណៈពេលដែលមនុស្សជាច្រើនសង្ស័យថាអាចបណ្តាលមកពីបញ្ហា AI ឬការវាយប្រហារតាមប្រព័ន្ធសន្តិសុខសាយប័រ ប៉ុន្តែការពិតគឺសាមញ្ញជាងនេះទៅទៀត នោះគឺកំហុសកូដ (Bug) មួយដែលបានលាក់ខ្លួនតាំងពីខែកក្កដាមកម៉្លេះ។
បញ្ហានេះបានចាប់ផ្តើមឡើងជាមួយនឹងការ Update (Patch) ដែលបានចេញកាលពីខែកក្កដា។ ការ Update នេះមានផ្ទុកនូវកំហុសកូដមួយ ដែលធ្វើឱ្យ Server គាំង និងមិនដំណើរការនៅពេលដែលមានការប្រើប្រាស់ខ្លាំងក្នុងលក្ខខណ្ឌជាក់លាក់មួយ។
Microsoft មិនបានរកឃើញបញ្ហានេះក្នុងអំឡុងពេលសាកល្បងនោះទេ ព្រោះពួកគេបានសាកល្បងលើ Hardware ចាស់ៗ ខណៈដែលកំហុសកូដនេះកើតឡើងតែលើ Server ជំនាន់ថ្មីដែលមានចំនួន Core ច្រើនតែប៉ុណ្ណោះ។
កំហុសដែលលាក់ខ្លួននេះមិនបានបង្កបញ្ហា រហូតដល់មានការបរាជ័យនៃបណ្តាញ។ ១៥ ម៉ោងមុនពេលការគាំងកើតឡើង ចរាចរណ៍ទិន្នន័យរបស់ Microsoft Teams បានប្តូរមកប្រើ Gateway ចម្បងដែលប្រើដោយ Exchange Online។
ក្នុងពេលជាមួយគ្នានេះ សមត្ថភាព ១៤% នៃ Gateway នោះត្រូវបានបិទដើម្បីថែទាំ។ ការកើនឡើងនៃចរាចរណ៍ទិន្នន័យនេះ បានបង្កើតឱ្យមានស្ថានភាព Load ខ្លាំង ដែលជាលក្ខខណ្ឌដែលកំហុសកូដខែកក្កដារង់ចាំវាយប្រហារ។
នៅពេលដែល Server ទីមួយបានគាំង ប្រព័ន្ធបានធ្វើការតាមការកំណត់របស់វា គឺបង្វែរចរាចរណ៍ទិន្នន័យទៅកាន់ Server ផ្សេងទៀតដែលនៅទំនេរ។
ប៉ុន្តែ Server ថ្មីនេះក៏ទទួលបាន Load ខ្លាំងភ្លាមៗ បណ្តាលឱ្យ trigger កំហុសកូដដដែល ហើយក៏គាំងតាមគ្នា។ ដំណើរការនេះបានកើតឡើងដដែលៗ រហូតដល់ ៨០% នៃ Server ទាំងអស់បានគាំង។
ការស្តារប្រព័ន្ធឡើងវិញមិនមែនគ្រាន់តែជារឿង Reboot ធម្មតានោះទេ។ រាល់ពេលដែល Server មួយដំណើរការឡើងវិញ ចរាចរណ៍អ្នកប្រើប្រាស់ដែលកកស្ទះបានសម្រុកចូល ដែលធ្វើឱ្យ Server នោះគាំងម្តងទៀតភ្លាមៗ។
ក្រុមវិស្វករត្រូវតែពិនិត្យកូដយ៉ាងលម្អិត បង្កើត Patch ថ្មីដើម្បីកែតម្រូវកំហុសកូដខែកក្កដានោះ ហើយដំឡើងវាទៅលើ Server ជាបន្តបន្ទាប់តាមលំដាប់លំដោយ ដើម្បីធានាថាប្រព័ន្ធមានស្ថិរភាពឡើងវិញ។
មេរៀនដែលទទួលបាន៖ ការសាកល្បងលើ Hardware ចាស់ៗ គឺមិនគ្រប់គ្រាន់នោះទេ នៅពេលដែលបរិស្ថានផលិតកម្មពិតប្រាកដកំពុងប្រើប្រាស់ Hardware ជំនាន់ថ្មីដែលមានសមត្ថភាពខ្ពស់។