25/10/2026
9a8e2078-8fc8-43ae-98e3-e58638d46333

អ្នកវាយប្រហារម្នាក់ដែលអង្គុយក្នុងឡាននៅខាងមុខផ្ទះរបស់អ្នក អាចគ្រប់គ្រងបណ្តាញអ៊ីនធឺណិតក្នុងផ្ទះរបស់អ្នកបានទាំងស្រុង ដោយមិនចាំបាច់ដឹងលេខសម្ងាត់ Wi-Fi របស់អ្នកសូម្បីតែមួយតួ។ នេះមិនមែនជាការសន្មតនោះទេ ប៉ុន្តែវាគឺជាហានិភ័យពិតប្រាកដសម្រាប់ Router រាប់លានគ្រឿងដែលប្រើបន្ទះឈីប Broadcom។

ចន្លោះប្រហោងដ៏ធ្ងន់ធ្ងរមួយនៅក្នុងកូដ Wi-Fi Protected Setup (WPS) របស់ Broadcom អនុញ្ញាតឱ្យអ្នកវាយប្រហារដែលស្ថិតក្នុងចម្ងាយសញ្ញា Wi-Fi អាចដំណើរការកូដក្នុងសិទ្ធិជា Root (សិទ្ធិគ្រប់គ្រងខ្ពស់បំផុត)។ បញ្ហានេះកើតឡើងដោយសារតែការចាត់ចែងទិន្នន័យនៃសារ WPS ដែលត្រូវបានបែងចែកជាផ្នែកៗមិនបានត្រឹមត្រូវ ដែលអនុញ្ញាតឱ្យ Hacker ផ្ញើសារដែលបានរៀបចំជាពិសេស ដើម្បីបំផ្លាញអង្គចងចាំ (Memory) របស់ Router និងលួចយកលេខសម្ងាត់ Wi-Fi ឬគ្រប់គ្រងប្រព័ន្ធពីចម្ងាយ។

អ្វីដែលគួរឱ្យបារម្ភបំផុតនោះគឺ Broadcom បានដឹងពីបញ្ហានេះតាំងពីឆ្នាំ ២០១៨ ប៉ុន្តែមិនបានចេញលេខកូដសម្គាល់ CVE (Common Vulnerabilities and Exposures) ដើម្បីឱ្យក្រុមហ៊ុនផលិតឧបករណ៍ផ្សេងៗដឹង និងកែប្រែឡើយ។ ការបិទបាំងនេះធ្វើឱ្យឧបករណ៍រាប់លានគ្រឿងនៅតែមានចន្លោះប្រហោងនេះរហូតមកដល់បច្ចុប្បន្ន។

ហានិភ័យនេះត្រូវបានបែងចែកជាពីរក្រុម៖
១. ម៉ូដែលថ្មីដែលប្រើប្រព័ន្ធ Linux (BCM3390, BCM65xx, និង BCM68xx) អាចនឹងទទួលបានការកែប្រែ ប្រសិនបើក្រុមហ៊ុនផលិតប្តូរមកប្រើកញ្ចប់កម្មវិធី hostapd។
២. ម៉ូដែលចាស់ដែលប្រើ eCos (BCM3380, BCM3383, និង BCM33834) ត្រូវបានគេហៅថា “Forever Day” ដែលមានន័យថាជាចន្លោះប្រហោងដែលគ្មានថ្ងៃត្រូវបានកែប្រែ (No Patch)។

មិនមានការកំណត់ (Setting) ណាមួយក្នុង Router ដែលអាចបិទការវាយប្រហារនេះបានទេ។ សម្រាប់អ្នកដែលប្រើប្រាស់ឧបករណ៍ Broadcom ជំនាន់ចាស់ ជម្រើសតែមួយគត់ដើម្បីធានាសុវត្ថិភាព គឺត្រូវប្តូរឧបករណ៍ថ្មី។

ការណែនាំសម្រាប់សុវត្ថិភាពបណ្តាញរបស់អ្នក៖
១. ពិនិត្យមើលប្រភេទបន្ទះឈីបរបស់ Router អ្នក (ស្វែងរកស៊េរី Broadcom BCM)។
២. ប្រសិនបើអ្នកប្រើម៉ូដែល eCos សូមត្រៀមប្តូរ Router ថ្មី។
៣. ធ្វើបច្ចុប្បន្នភាព (Update) Firmware របស់ Router ឱ្យទៅដល់ជំនាន់ចុងក្រោយបំផុតដែលក្រុមហ៊ុនផ្តល់ឱ្យ។

Leave a Reply

Your email address will not be published. Required fields are marked *